ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក្រោមទឹកប្រាក់វិនិយោគ ដែលដំបូងគ្រោងចំនួន ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០% ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងចំណាយបានកើនរហូតដល់ជាង ២០០០លានដុល្លារ នៅពេលបើកប្រតិបត្តិការតំបូង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងអនុញ្ញាតឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ដោយមានផ្លូវយន្តហោះរត់ប្រវែង ៤គីឡូម៉ែត្រ។
បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។
ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។
ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់មួយបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។
បន្ទាប់ពីអាកាសយានដ្ឋានមួយនេះបើកដំណើរការគេរំពឹងថា ក្រៅពីការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ដូចជា វិស័យទេសចណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជំរុញការអភិវឌ្ឍន៍វិស័យអចនទ្រព្យ និងការធ្វើពាណិជ្ជកម្មនានាជុំវិញតំបន់នោះ ជាដើម ។ ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ៕

