សកម្មភាពមនុស្សធម៌ និងស្មារតីនៃការចែករំលែកក្នុងសង្គមជាតិ នៅតែបន្តផុសឡើងជាបន្តបន្ទាប់ គួរឱ្យកោតសរសើរ។ ជាក់ស្តែង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា បាននាំយកថវិកាចំនួន ៤០ ០០០ ០០០ រៀល មកបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា។
ថវិកាឧបត្ថម្ភដ៏មានអត្ថន័យនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានាថា ទារក និងកុមារកម្ពុជាបន្តទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ គ្មានការរើសអើង និងប្រកបដោយគុណភាពខ្ពស់។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការគិតគូរខ្ពស់របស់ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងការពារសុខភាពកុមារកម្ពុជា។
ស្មារតីសប្បុរសធម៌ និងការចូលរួមចែករំលែកនេះ គឺជាកម្លាំងចលករដ៏មានតម្លៃ ក្នុងការបន្តជួយសង្គ្រោះជីវិតកុមារ និងផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។


