រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ២ ទីតាំង នៅក្នុងរាជធានីភ្នំពេញ។
ទីតាំងទី១ គឺសិប្បកម្មធ្វើសាឡុង ស្ថិតនៅតាមផ្លូវលំ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានហេតុការណ៍អគ្គិភ័យកើតឡើងនៅវេលាម៉ោង ១:១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ទីតាំងទី២ គឺផ្សារក្នុងបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានហេតុការណ៍អគ្គិភ័យកើតឡើងនៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថពាក់ព័ន្ធ បានសហការចេញអន្តរាគមន៍ជាមួយរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយសង្គ្រោះ និងចាត់វិធានការពន្លត់អគ្គិភ័យនៅទីតាំងទាំងពីរ។
សកម្មភាពអន្តរាគមន៍នេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមរបស់កម្លាំងសមត្ថកិច្ចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងឆ្លើយតបចំពោះហេតុការណ៍អគ្គិភ័យ ដើម្បីរួមចំណែកការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

