ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពីការស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ គឺយើងត្រូវកែលម្អការបំរើសេវាសាធារណឱ្យកាន់តែល្អ ដោយផ្អែកលើផ្នែក នៃការលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីបំរើការងារលើសេវាសាធារណៈបានល្អ ដើម្បីកែលម្អសេវារបស់យើងឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការបំរើសេវាសាធារណៈ ប្រកបដោយផ្លែផ្កា។
ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ ដល់អ្នកពាក់ព័ន្ធត្រូវខិតខំសិក្សារៀនសូត្រ ស្វែងយល់រួមគ្នាលើវិស័យសុខាភិបាល វិស័យអប់រំ ដោយបំពេញនូវរាល់ចំណុចខ្វះខាតទៅលើការធ្វើបទបង្ហាញ ដើម្បីរួមគ្នាកែសម្រួលឱ្យបានពេញលេញនូវសូចនាករវាយតម្លៃពីគណៈកម្មាធិការការផ្តល់សេវាសុខាភិបាល និងសេវាអប់រំ ក្នុងការវាយតម្លៃដាក់ពិន្ទុ ដែលជាមុខមាត់របស់ខេត្ត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ ត្រូវខិតខំហ្វឹកហាត់ក្នុងការធ្វើបទបង្ហាញឱ្យកាន់តែស្ទាត់ជំនាញ ចេះគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញស្របតាមការកំណត់អោយបានស្ទាត់ ដើម្បីទៅប្រកួតប្រជែងនៅថ្នាក់ជាតិ ឱ្យទទួលបានចំណាត់ថ្នាក់ល្អប្រសើរ។
សូមជម្រាបថា៖ ខេត្តកណ្ដាលមាន សាលាបឋមសិក្សា ចំនួន២, អនុវិទ្យាល័យ ចំនួន២ និងមណ្ឌលសុខភាព ចំនួន២ ដែលត្រូវចូលរួមវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ នៅថ្នាក់ជាតិនាពេលខាងមុខ ក្នុងនោះមាន៖ អនុវិទ្យាល័យ ឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យ សំប៉ាន ស្រុកកោះធំ។ សាលាបឋមសិក្សា ពុកឬស្សី ស្រុកខ្សាច់កណ្តាល, សាលាបឋមសិក្សា ព្រែកតាកូវ ក្រុងអរិយក្សត្រ។ មណ្ឌលសុខភាព ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងមណ្ឌលសុខភាព សំរោងធំ ស្រុកកៀនស្វាយ៕

