ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបពិភាក្សាការងារ ជាមួយឯកឧត្ដមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី២ ក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃ២៧ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តនៅតែបន្តកិច្ចសហការណ៍ជានិច្ច ដើម្បីបង្រ្កាបនៅទីតាំងដែលសង្ស័យថាមានបទល្មើសសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINESCAMS) តែទោះជាយ៉ាងណាជនបរទេស ដែលរស់នៅខេត្តស្ទឹងត្រែង គឺជាការវិនិយោគ ទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដ៏ឆ្នើមរបស់កម្ពុជា បានសម្រេចប្រកាសអនុវត្តជាផ្លូវការនូវ កម្មវិធីជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៅភាគឦសាន ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងមិនមែនជាខេត្តដែលប្រឈម នោះឡើយ ប៉ុន្តែដោយសារផែនការណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ គឺត្រូវតែអនុវត្តការងារជាទម្រង់តែមួយ។
សូមបញ្ជាក់ថា៖ គោលបំណងក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពីវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ទិសដៅអោយសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ យល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស ការបង្កើតគណនី សម្រាប់ចុះវត្តមានជនបរទេសឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។
ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ ក្នុងការទប់ស្កាត់មិនឱ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ ត្រូវស្ថិតក្រោមដំបូលច្បាប់ និង គ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត។៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

